ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ពិធីនេះប្រគល់ទទួលក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ជាប្រធានក្រុមការងារ និងលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឯក វរ: ស្នងការរង លោកនាយការិយាល័យប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការនគរបាលក្រុង-ស្រុក លោកនាយ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលចូលរួមប្រមាណ ១០០ នាក់ ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១២ រួមមាន ៖
១-ស្រុកបារាយរាយណ៍ (ប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកខ្សាច់)
២-ស្រុកសន្ទុក (ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងល្វា)
៣-ក្រុងស្ទឹងសែន (ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រទេះ, ប៉ុស្តិ៍នគរបាលរដ្ឋបាលដំរីជាន់ខ្លា)
៤-ស្រុកប្រាសាទបល្ល័ង្ក (ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា, ប៉ុស្តិ៍នគរបាលរដ្ឋបាលផាន់ញើម, ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលគ្រើល)
៥-ស្រុកកំពង់ស្វាយ (ប៉ុស្តិ៍នគរបាលរដ្ឋបាលនីពេជ្រ)
៦-ស្រុកស្ទោង (ប៉ុស្តិ៍នគរបាលរដ្ឋបាលម្សាក្រង, ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង, ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា)
៧-ស្រុកសណ្ដាន់ (ប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់)។
លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះបងប្អូនកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលកំពុងមមាញឹកក្នុងការអនុវត្តតួនាទី ភារកិច្ច តាមគោលដៅភូមិសាស្រ្ត រៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះបេសកកម្មការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន បានថ្លែងកើតសរសើរដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមសហការគ្នា រៀបចំតុបតែងកែលម្អអង្គភាពឲ្យទទួលបានភាពស្រស់បំព្រងគួរជាទីមោទនៈ។
បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ បានផ្ដាំផ្ញើ បន្ទាប់ពីពិធីប្រគល់ទទួលអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល នេះតទៅ សូមបងប្អូនចូលរួមត្រូវថែរក្សាឲ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ព្រមទាំងចាត់ទុកប្រៀបដូចជាគេហដ្ឋានទី២ របស់អស់លោក លោកស្រី។
សូមបញ្ជាក់ថារយៈពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខមន្ត្រីនគរបាលរដ្ឋបាលឃុំ-សង្កាត់មួយចំនួនទូទាំងខេត្តកំពង់ធំ ក្នុងពិធីនោះ លោកស្នងការ បានថ្លែងសង្កត់ធ្ងន់លើការងារពង្រឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពឯកភាពផ្ទៃក្នុង, ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា អនុវត្តតួនាទី ភារកិច្ច តាមផែនការសកម្មភាព, ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វារ២៤ម៉ោងលើ២៤ម៉ោង ផ្លាស់ប្តូរវេនប្រចាំការ រង់ចាំផ្ដល់សេវាជូនប្រជាពលរដ្ឋ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម, ប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ចុះធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» និងការងារនគរបាល និងសហគមន៍ តាមគោលដៅងាយរងគ្រោះលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ, ថែរក្សា បង្កើនកិច្ចសហការជាមួយមន្ត្រីរាជាការ អាជ្ញាធរដែនដីគ្រប់ ស្រទាប់វណ្ណៈ សម្រាប់ការអនុវត្តលើការងារនគរបាល និងសហគមន៍ ជាប្រចាំ, ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕

