តាមការចេញផ្សាយរបស់កាសែតថៃ The Nation ថៃបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកម្ពុជាថារំលោភលើអនុសញ្ញាអូតាវ៉ា គឺថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែន ដែលបណ្ដាលឱ្យទាហានរបស់គេជាច្រើននាក់រងរបួសធ្ងន់ធ្ងរ និងមានពិការភាពជាអចិន្ដ្រៃយ៍។
ដោយសារតែការមិនអស់ចិត្ដរបស់ខ្លួន ថៃបានទាំងជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យមួយ ដើម្បីធានាបាននូវតម្លាភាព។ រីឯរដ្ឋមន្ដ្រីការបរទេសថៃលោក Sihasak Phuangketkeow បានលើកពីមាត្រា៨នៃអនុសញ្ញាអូតាវ៉ា ទៅកាន់រដ្ឋភាគីនៃអនុសញ្ញាក្នុងកិច្ចប្រជុំលើកទី២២កាលពីម្សិលមិញនេះ ព្រមទាំងបានចាត់ទុកថាស្ថានភាពតំបន់ព្រំដែនកំពុងកើនកម្ដៅផងដែរ។
អ្វីដែលថៃបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ បានបង្ហាញជាថ្មីម្ដងទៀតថាថៃមិនព្រមទទួលយកការពិតនោះឡើយរឿងគ្រាប់មីននៅព្រំដែនជាមួយកម្ពុជា ទាំងដែលកម្ពុជាបានច្រានចោលការចោទប្រកាន់ និងបកស្រាយរាប់ភ្លេចដងហើយ។ នៅឯកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកម្ពុជាបានសួរសំណួរមួយទៅកាន់អង្គប្រជុំទាំងមូលថា “ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណាដែលធ្លាប់ប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទះមីនដែលមិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់ផងនោះ?” ប៉ុន្តែចំពោះកម្ពុជាត្រូវទទួលរងគ្រោះដោយសារទង្វើបែបនេះប៉ុន្មានខែកន្លងមកហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ប្រាប់អង្គប្រជុំទៀតថា កាន់តែគួរឱ្យព្រួយបារម្ភនោះគឺរហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត គ្មានការស៊ើបអង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់ ដើម្បីបង្កើនភាពតានតឹងជាមួយកម្ពុជា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋាននឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយទៅវិញវានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំងពីការងាកចេញពីគោលការណ៍នៃសុចរិតភាព យុត្តិធម៌ និងភាពជាអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់។ ទង្វើរបស់ថៃគឺជាការបង្ហាញអំពីភាពមិនស្មោះត្រង់ និងមិនមែនជាស្មារតីកិច្ចសហប្រតិបត្តិការ តែវាជាការបង្កឱ្យមានការប្រឈមមុខដាក់គ្នា ហើយការប្រឈមមុខដាក់គ្នានេះនឹងមិនអាចដោះស្រាយបញ្ហាដោយសន្តិភាពឡើយ។
គួរជម្រាបថា កន្លងមកកម្ពុជាក៏ធ្លាប់បានស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនដែរ។ កម្ពុជាចង់ឱ្យស្ថាប័នជំនាញអន្ដរជាតិចូលរួមលើកិច្ចការស៊ើបអង្កេតនេះ ដើម្បីធានាបាននូវភាពច្បាស់លាស់ តម្លាភាព និងរកឱ្យឃើញការពិតថានរណាខុសនរណាត្រូវ។ ខ្លួនមិនបានធ្វើដូចការចោទ ហេតុនេះមាសសុទ្ធមិនខ្លាចភ្លើងទេ៕

