លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកថវិកាប្រគល់ជូនគ្រួសារវីរៈយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក

  1. ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ជារៀងដ៏រាប ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារបងប្អូនរវីរៈយុទ្ធជន គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បន្តថ្លែងថាថ្ងៃនេះ ជាថ្ងៃលើកទី៣ ដែលរូបលោកបានចូលរួមរំលែកទុក្ខ និងសាកសួរទុក្ខដល់គេហដ្ឋានបងប្អូន ព្រមទាំងនាំយកនូវថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពីសប្បុរសជន (លោក ផែង វណ្ណៈ) ប្រគល់ជូនគ្រួសារបងប្អូន ដើម្បីជួយសម្រាលចំណាយដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ ។

លោកស្នងការ បានប្រគល់ថវិកា ១,០០០,០០០រៀល ជូនក្រុមគ្រួសារវីរ:យុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក យោធិនឈ្មោះ ឌី សេង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ពលីជីវិតនៅសមរភូមិមុខនៅភ្នំទ្រព្យ។

បន្ថែមលើថវិកា លោកឧត្តមសេនីយ៍ ស្នងការ បានលើកទឹកចិត្ត ដល់បងប្អូនសូមបន្តបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែ ផ្លែឈើ តាមក្រុមគ្រួសារនីមួយៗ ដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង។

ជាកិច្ចចុងក្រោយ លោកស្នងការ បានផ្ដាំផ្ញើដល់បងប្អូន បើជួបការលំបាក ឬបញ្ហាប្រឈមដោយប្រការណាមួយ សូមទំនាក់ទំនងមកថ្នាក់ដឹកនាំអង្គភាព ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីថ្នាក់ដឹកនាំមានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា រយៈពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បាននាំយកថវិកា ដែលជាការឧបត្ថម្ភ ពីលោក ផែង វណ្ណៈ ប្រគល់ជូន ដល់គេហដ្ឋានក្រុមគ្រួសារវីរ:យុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក ៖
១.យោធិនឈ្មោះ ជួង លាប ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ពលីជីវិតនៅសមរភូមិមុខប្រាសាទតាមាន់ធំ (ថវិកា ១,០០០,០០០រៀល)។
២.យោធិនឈ្មោះ ប៊ូ ផូ អាយុ ៤៦ឆ្នាំ ពលីនៅសមរភូមិមុខភ្នំទ្រព្យ (ថវិកា ១,០០០,០០០រៀល)។
៣. យោធិនឈ្មោះ ពេជ្រ ង៉ោល ភេទ ប្រុស អាយុ ៣២ ឆ្នាំ ពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ(ថវិកា ១,៥០០,០០០រៀល)។
៤. យោធិនឈ្មោះ ញ៉ាត ឈីន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ (ថវិកា ១,៥០០,០០០រៀល)៕

Leave a Reply

Your email address will not be published. Required fields are marked *