កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញ បានដកហូតវត្ថុតាងមួយចំនួនធំរួមមាន កុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង, ធុង CPU ៦ គ្រឿង, ម៉ូនីទ័រ៣៥ គ្រឿង និងទូរសព្ទ៦០០គ្រឿង នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្ដិការនេះធ្វើឡើងក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបង្ហាញការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រោយការបង្រ្កាបនេះបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងវែកមុខមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែងឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *