លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក បានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, និងបានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុត្តនៅតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការការងារ និងជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ, បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការងារសន្តិសុខព្រំដែន, បង្កើនការទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលបង្កចលាចលបំពុលសង្គមប៉ះពាល់ដល់សន្តិសុខជាតិ, បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពឲ្យបានទូលំទូលាយ, ស្រាវជ្រាវបង្ក្រាបរាល់ទីតាំងបញ្ចាំ និងកម្ចីអនឡាញខុសច្បាប់, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព, បង្កើនការគ្រប់គ្រង បញ្ជីសំរង់ស្ថិតិប្រជាពលរដ្ឋនិងជនបរទេសស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក, បន្តពង្រឹងការយាមល្បាត ការប្រចាំបញ្ជា ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *