ឧត្តមសេនីយ៍ទោ អ៊ិន សុង ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការ ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភំ្នពេញ ៖ ដោយទទួលបានការឯកភាព ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ និងផ្សព្វផ្សាយផែនការឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យទាំង១១ មន្រ្តីនគរបាលយុត្តិធម៌ តាមបណ្តាក្រុមប្រតិបត្តិការ មន្រ្តីជំនាញទទួលការងាររដ្ឋបាល ក្រុមការងារគ្រប់គ្រងប្រព័ន្ធ DATABASE SYSTEM និងក្រុមការងារសម្អាតប្រាក់ ជាច្រើនរូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង បានមានប្រសាសន៍ថា ដោយមានការដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងបទបញ្ជា ០១ បប យ៉ាងហ្មត់ចត់ របស់រាជរដ្ឋាភិបាល គឺជាត្រីវិស័យចង្អុលទិសក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិបន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការ សកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀន ។

ដើម្បីទទួលបានប្រសិទ្ធភាពលើការអនុវត្តភារកិច្ចបន្តទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ទិសដៅបន្តដូចខាងក្រោម ៖
១-បន្តអនុវត្តតាមផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងតាមគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ។

២-បង្កើនសកម្មភាពល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសតាមច្រកព្រំដែនគោក ទឹក អាកាស និងលម្ហសមុទ្រ ដើម្បីបង្ការ ទប់ស្កាត់ការលួចនាំចូល ចរាចរឆ្លងកាត់ នូវគ្រឿងញៀន និងសារធាតុគីមីផ្សំ ។

៣-លើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគោលដៅលួចលាក់កែច្នៃ សារធាតុញៀន ។

៤-ជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅ ដែលមានហានិភ័យដូចជា ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លិបកំសាន្ត ខារ៉ាអូខេ និងតំបន់មិនរៀបរយ។ល។ ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា ។

៥-ជំរុញការងារស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុក បង្កក រឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ។

៦-ជំរុញធ្វើបច្ចុប្បន្នភាពដីកាដែលនៅសេសសល់ ហើយមានសុពលភាព ត្រូវស្រាវជ្រាវរករូបថត មុខសញ្ញា ស្នើសុំនិវេទន៍ក្រហម និងបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបង្កើនការស៊ើបអង្កេតមុខសញ្ញា ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ជាពិសេសមុខសញ្ញាមេក្លោង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ។

៧-បង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនិងក្រៅ ប្រទេស ។

៨-បង្កើនការអប់រំណែនាំ រំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌ និង មនសិកាវិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះ យកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ជូនរង្វាន់ចំពោះមន្ត្រីដែលមានស្នាដៃ ព្រមទាំងអនុវត្ត វិន័យ ឬវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីប្រតិបត្តិការ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ៕

Leave a Reply

Your email address will not be published. Required fields are marked *