ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់វិធានការក្តៅ ចំពោះក្មេងទំនើង និងដាក់បទបញ្ជា ឱ្យកម្លាំងជំនាញ ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាត់បន្ថយបទល្មើសក្នុងកំរិតអប្បបរិមា

ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃស្នងការដ្ឋាន លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ច ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ រយៈពេល ៩ខែ និងទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារការប្រឡងមធ្យមសិក្សាទុតិយភូមិ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងកិច្ចប្រជុំ លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដាស់តឿនដល់កម្លាំងជំនាញ យកចិត្តទុកដាក់បង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងបន្ត ពង្រឹងវិធានការជំនាញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន សំដៅធានាសុវត្ថិភាព សន្តិសុខ រក្សាបាននូវសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជារដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ទន្ទឹមនោះត្រូវ ត្រៀមលក្ខណៈការពារដំណើរការ ប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ដែលនឹងប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវភារកិច្ចចំពោះមុខ ១៤ចំណុច ដល់គ្រប់អង្គភាព ដើម្បីយកទៅអនុវត្តផងដែរ។

កិច្ចប្រជុំមានការ​ចូលរួមពី លោក លោកស្រី ស្នងការរង នាយ​ការិយាល័យ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការ​នគរបាលក្រុងស្រុក នាយប៉ុស្តិ៍នគរនបាលច្រកទ្វារព្រំដែនទ្វេភាគី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក សរុបចំនួន ១៣៧នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *