ខេត្តសៀមរាប៖ នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ការបំពេញទស្សនកិច្ចរបស់ លោកជំទាវ និងសមាជិកគណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តក្នុងការអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ទិសទីឱ្យចូលមកធ្វើដំណើរកំសាន្ត និងធ្វើការវិនិយោគក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។ បើទោះបីជាការបំពេញទស្សនកិច្ចនេះមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកជំទាវ និងគណៈប្រតិភូបានចំណាយពេលវេលាចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណនានាជាច្រើនទៀតក្នុងតំបន់រមណីដ្ឋានអង្គរផងដែរ និងពិសេសបានកោតសរសើរស្ងប់ស្ងែងពីស្ថាបត្យកម្ម ចម្លាក់ដ៏ស្មុគស្មាញ ល្អឥតខ្ចោះ ពពេញដោយភាពអស្ចារ្យ និងអាថ៌កំបាំងនៅពីក្រោយ និងជាទីមើលថ្ងៃរះដ៏ល្អបំផុតរបស់សម្បត្តិបេតិកភណ្ឌពិភពលោកនៃមហាប្រាសាទអង្គរវត្ត។
ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូបានធ្វើមាតុភូមិវិវត្តន៍ចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព ៕ដោយ៖ លុចណាម
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប